វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់កម្ពុជា ដែលសកម្មក្នុងការតស៊ូមតិ ការជះឥទ្ធិពលនយោបាយ អភិបាលកិច្ចល្អ និងការចូលរួមរបស់ពលរដ្ឋ។ ការកសាងសមត្ថភាព និងការសម្របសម្រួលកិច្ចសន្ទនា គឺជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្ពោះទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
យើងទទួលបានការសារទរយ៉ាងទូលំទូលាយ ពីអង្គការក្នុងស្រុក និងអន្តរជាតិសម្រាប់ ភាពដែលអាចជឿជាក់បាន ភាពពាក់ព័ន្ធ និងវិជ្ជាជីវៈរបស់យើង។ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ API បានជួយពង្រឹងជំនាញស្ថាប័នតស៊ូមតិ និងបានខិតខំធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន និងអភិបាលកិច្ចដែលមានគណនេយ្យភាព ក្លាយទៅជាការពិត។ មកទល់នឹងពេលនេះ យើងបានបើកវគ្គបណ្តុះបណ្តាលជាង ៣០០ មកហើយ សម្រាប់អ្នកចូលរួមជាង ១ ម៉ឺននាក់ ដែលមានទំនាក់ទំនងជាមួយសង្គមស៊ីវិល និងអង្គការសហគមន៍ ក្រុមប្រឹក្សាមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ អង្គភាពសហជីព ស្ថាប័នរដ្ឋាភិបាល និងសភាកម្ពុជាផងដែរ។
API មានភាពប្លែកពីគេ នៅក្នុងសង្គមស៊ីវិលរបស់ប្រទេសកម្ពុជា ដោយបម្រើជាអ្នកភ្ជាប់ និងសម្របសម្រួល សម្រាប់ការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ក្នុងការធ្វើអន្តរកម្មជាមួយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។ API ទទួលបានបទពិសោធន៍ដំបូង លើបញ្ហាគោលនយោបាយ ដូចជាការទទួលបានព័ត៌មាន (A2I) តាមរយៈការងារមូលដ្ឋានរបស់ខ្លួន។ ផ្អែកលើបទពិសោធន៍ដ៏ធំធេងនេះ យើងស្ថិតក្នុងកន្លែងដ៏ល្អបំផុតមួយ ដើម្បីធ្វើឲ្យសំឡេងរបស់ពលរដ្ឋសាមញ្ញ ត្រូវបានរាប់បញ្ចូលក្នុងការធ្វើគោលនយោបាយនៅថ្នាក់ជាតិ។ នៅទីនេះ យើងបានព្យាយាមគាំទ្រដល់ស្ថាប័នរដ្ឋាភិបាល ឲ្យបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ និងចូលរួមចំណែកក្នុងបរិយាកាស ដែលអាចឲ្យពលរដ្ឋនិងសង្គមស៊ីវិល អាចបង្ហាញការព្រួយបារម្ភរបស់ពួកគេបាន។ ទីបំផុត យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពលរដ្ឋឲ្យយល់ពីសិទ្ធិរបស់ពួកគេ ការទទួលបានព័ត៌មាន និងប្រើប្រាស់ឱកាសសម្រាប់ការចូលរួម ដែលត្រូវបានផ្តល់ជូនដោយច្បាប់ផ្សេងៗ និងគោលនយោបាយរបស់រដ្ឋាភិបាល។
កម្មវិធីរបស់យើងត្រូវបានដឹកនាំដោយ វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្ស។ API បម្រើប្រជាជនកម្ពុជាទាំងអស់ ហើយឲ្យតម្លៃទៅលើភាពខុសគ្នា ដោយមិនប្រកាន់ភេទ និន្នាការភេទ និងអត្តសញ្ញាណ ការមានសតម្ថភាព ការអសមត្ថភាព ជាតិពន្ធុ ជំនឿ និងនិន្នាការនយោបាយឡើយ។ ទន្ទឹមនឹងនេះដែរ យើងមានការប្តេជ្ញាចិត្តជាពិសេស ក្នុងការគាំទ្រដល់អ្នកដែលជួបការលំបាកបំផុត ក្នុងការខិតខំធ្វើឲ្យសំឡេងរបស់ពួកគេ ត្រូវបានគេដឹងឮ។